សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។ […]